អបអរសាទរភាពជាដៃគូរវាង ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ និងក្រុមហ៊ុន អ៊ី-ហ្គេត តិចណូឡូជី
ព័ត៌មាន | 13.12.2022
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុន កម្ពុជា អង្គរ អ៊ែរ (CAAir) និងក្រុមហ៊ុន អ៊ី-ហ្គេត តិចណូឡូជី (E-GetS) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរួមគ្នា ក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់មក ដើម្បីជំរុញការអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុនទាំងពីរ។ CAAir និង E-GetS នឹងសហការរួមគ្នា ដើម្បីឱ្យអតិថិជនទិញសំបុត្រដែលមានតម្លៃសមរម្យ និងងាយស្រួលជាងមុន ដែលអាចឱ្យពួកគេទទួលបាននូវភាពងាយស្រួលនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប ទៅតាមស្តង់ដារថ្មីដើម្បីទទួលបានផលប្រយោជន៍រួម។
CAAir ជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេក្នុងប្រទេសកម្ពុជា និងតែមួយគត់រហូតមកដល់ពេលនេះ ដែលទទួលបានវិញ្ញាបនបត្រសុវត្ថិភាពពីសមាគមន៍ដឹកជញ្ចូនផ្លូវអាកាសអន្តរជាតិ (IOSA) និងជាសមាជិកផ្លូវការរបស់អង្គការនេះ ដែលធ្វើអោយក្រុមហ៊ុនទទួលការជឿទុកចិត្តពីអ្នកដំណើរ ដោយសារការយកចិត្តទុកដាក់លើសុវត្ថិភាពជាចម្បង។ ក្នុងបច្ចុប្បន្នភាព នៃរយៈពេលក្រោយកូវីដនេះ CAAir គឺជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ ដែលមានប្រតិបត្តិការជើងហោះហើរក្នុងស្រុក ដោយមានជើងហោះហើរ ២ជើងក្នុងមួយថ្ងៃ ពីភ្នំពេញទៅសៀមរាប និងជើងហោះហើរប្រចាំថ្ងៃ ពីសៀមរាបទៅក្រុងព្រះសីហនុ។ ជាងនេះទៅទៀត ក្រុមហ៊ុនបង្កើនជើងហោះហើរយ៉ាងឆាប់ទៅកាន់ប្រទេសវៀតណាម (ហាណូយ ហូជីមិញ ដាណាំង) និងប្រទេសចិន (ក្វាងចូវ ណាននីង ឆិងចូវ សៀងហៃ)។
E-GetS ជាក្រុមហ៊ុនដែលបំរើសេវាកម្មបែបឌីជីថលឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដែលបានប្តេជ្ញាក្នុងការលើកកំពស់គុណភាព និងកែប្រែជីវិតទៅតាមយុគសម័យថ្មី ដោយការប្រើប្រាស់នៅប្រព័ន្ធអ៊ីនធឺណិតសម្រាប់ធ្វើអាជីវកម្ម ជាមួយនឹងភាពច្នៃប្រឌិត ដែលផ្តល់ឱ្យអតិថិជននូវភាពងាយស្រួលក្នុងការបញ្ជាទិញទំនិញ ដំណើរកម្សាន្ត និងសេវាកម្មជាច្រើនផ្សេងទៀតតាមរយៈប្រព័ន្ធអ៊ីនធឺណិត ហើយជាពិសេសក៏មានផ្ដល់នូវសេវាកម្មដឹកជញ្ជូនម្ហូបអាហារដែលមានតម្លៃសមរម្យ និងរហ័សទាន់ចិត្ត។ នាពេលបច្ចុប្បន្ន E-GetS បានពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់ទីក្រុងភ្នំពេញ ព្រះសីហនុ នៃប្រទេសកម្ពុជា និងទីក្រុងវៀងចន្ទន៍ នៃប្រទេសឡាវ ហើយក៏កំពុងរៀបចំពង្រីកទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍បន្ថែមទៀត។
នៅពេលអនាគត CAAir និង E-GetS នឹងធ្វើការរួមគ្នាដើម្បីផ្តល់ជូននូវការលក់សំបុត្រយន្តហោះដែលការបញ្ចុះតម្លៃមិនធ្លាប់មានពីមុនមក និងយុទ្ធនាការផ្សព្វផ្សាយរួមគ្នា។
ដូច្នោះ សូមរង់ចាំតាមដានព័ត៌មានបញ្ចុះតម្លៃពិសេសៗជាបន្តបន្ទាប់។